Home » » ប្រវត្តិនៃទេពធីតា​មហាសសង្ក្រាន្ត

ប្រវត្តិនៃទេពធីតា​មហាសសង្ក្រាន្ត


ទេពធីតា​មហាសសង្ក្រាន្ត​ និង គ្រឿង​អាភរណៈថ្ងៃ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប​មាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា អ្នក មាន​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះ​ចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧​ឆ្នាំ​។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរទន្លេ ដែលជា​ទី​នៅ​នៃ​បក្សី​ទាំងឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសា​បក្សី ទាំងពួង​ផង ហើយ​បានជា​អាចារ្យ​សម្ដែង​មង្គល ផ្សេងៗ​ដល់​មនុស្ស​ទាំងពួង​ផង​។ គ្រានោះ​មនុស្សលោក​រមែង​រាប់អាន​ព្រះមហា​ព្រហ្ម និង​កុ​បិ​ល​មហាព្រហ្ម ១​អង្គ​ទៀត​ដែលជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំងពួង​។ ពេលនោះ​កុ​បិ​ល​មហាព្រហ្ម បាន​ជ្រាប​ព័​ត៌‌​មាន​ក៏​ចុះមក​សួរ​បញ្ហា និង​ធម្មបាល​កុមារ ៣ "​ខ​" ដោយ​សន្យា​ទុក​ថា បើ​ដោះប្រស្នា​បាន​នឹង​កាត់​ព្រះ​សិរ​ទ្រង់​ដើម្បី បូជា​ចំពោះ​ធម្មបាល​កុមារ​តែបើ​ដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ​។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារពេល​ចំនួន ៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។

លុះ​កន្លងទៅ ៦​ថ្ងៃ​ហើយក៏​នៅតែ​គិត​មិនឃើញ​ដឹងខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវស្លាប់​ដោយ​អាជ្ញា​កុ​បិ​ល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ​។ ដូច្នេះ គួរតែ​រត់ ទៅ​លាក់ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួនឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ ក្រោម​ដើម ត្នោត​មួយគូ ដើមត្នោត​នោះ សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលាយប់​ឥន្ទ្រី​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី​? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុ​បិ​ល​មហាព្រហ្ម​សម្លាប់ ព្រោះ​ដោះប្រស្នា​មិន​រួច​។ ឥន្ទ្រី​ញី​សួរថា ប្រស្នា​នោះ​ដូចម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅទីណា ? ត្រូវ​ឆ្លើយថា នៅមុខ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លប់មុខ ខ​១ ទៀតថា ថ្ងៃត្រង់​សិរី​ស្ថិតនៅ​ត្រង់ណា ? ត្រូវ​ឆ្លើយថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវយក​ទឹក​លាង​ទ្រូង ខ​១ ទៀតថា វេលា​ល្ងាច​សិរី​ស្ថិត​នៅទីណា ? ត្រូវ​ឆ្លើយថា នៅ​ជើង​ហេតុនេះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ​។

ព្រឹក​ឡើង​កុ​បិ​ល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បានលឺ​មក កុ​បិ​ល​មហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិ​ចា​វិកា​ព្រះឥន្ទ្រ មក​ប្រាប់ថា ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរ​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែបើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើតជា​ភ្លើង​ឆេះ​ទាំង​លោកធាតុ បើ​បោះ​ទៅលើ​អាកាស​ភ្លៀង​នោះ​នឹង​រាំង បើ​ចោល​ក្នុង​មហាសមុទ្រ​នោះ​ទឹកនឹង​រីងស្ងួត​ហួត​អស់ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ព្រះ​សិរ​បិតា ថា​ហើយ​ព្រះអង្គ​ក៏​កាត់​ព្រះ​សិរ​ហុច ទៅ​ឲ្យ ព្រះ​នាង​ទុ​ង្សា​ជា​កូនច្បង ព្រះ​នាង​ទុ​ង្សា​ក៏បាន​យកពាន​មក​ទទួល​ព្រះ​សិរ​បិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០​នាទី​ទើប​អញ្ជើញ​ទៅ​ប្រតិស្ឋាន​ទុក ក្នុង​ម​ណ្ឌ​លេះ​នៅក្នុង​គុហា​គន្ធ​មាលី ភ្នំ​កៃលាស បូជា​គ្រឿង​ទិព្វ​ផ្សេងៗ ព្រះ​វិស្សកម្ម​ទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧​ប្រការ ឈ្មោះថា "​ភគ វ​តី​សភា​" ឲ្យ​ជាទី​ប្រជុំ​នៃ​ទេវតា​លុះដល់​គម្រប់ ១​ឆ្នាំ​ជា សង្ក្រាន្ត​ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ព្រះ​សិរ​កុ​បិ​ល​មហាព្រហ្ម ចេញមក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​ជា​រៀងរាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ​។