Home » » Google Takeout បម្រុង​ទុក​ទិន្នន័យ​ផ្សេងៗ​របស់​សេវាកម្ម Google

Google Takeout បម្រុង​ទុក​ទិន្នន័យ​ផ្សេងៗ​របស់​សេវាកម្ម Google

   សួស្ដី ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ស្គាល់ Google Takeout ដែល​ជា​សេវាកម្ម​មួយ​របស់​ក្រុមហ៊ុន Google ដែល​មាន​នាទី​ជា​ឧបករណ៍ Tool អនុញ្ញាតិ​ឲ្យ​លោកអ្នក​ទាញ​យក​ទិន្នន័យ​ចេញ (export data) ដែល​អ្នក​បាន​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗ​របស់ Google កន្លង​មក​ដូចជា +1s, Blogger, Buzz, Contacts, Drive, Google+ Circles, Google+ Stream, Pages, Picasa Wb Album, Profile, Reader និង Youtube។ Google Takeout នឹង​ច្រក​ទិន្នន័យ​របស់​លោកអ្នក​ទៅ​ក្នុង​ឯកសារ​មួយ​ជា​ប្រភេទ​ដែល​អាច​ចល័ត ​បាន និង​ងាយស្រួល​នាំ​ចូល​មក​វិញ (import) នូវ​ទិន្នន័យ​ទាំងនោះ​ចូល​មក​ក្នុង​សេវាកម្ម Google នានា​បាន​ដោយ​មិន​បារម្ភ​ខ្លាច​ថ្ងៃ​ណាមួយ​គណនី​របស់​លោកអ្នក​ត្រូវ​បាន​រង​ ការ​វាយប្រហារ ឬ​ត្រូវ​បាន​បិទ​ពី​ Google ផ្ទាល់។

   នៅ​ក្នុង​សេវាកម្ម​នីមួយៗ​របស់ Google តែងតែ​មាន​មុខងារ​អាច​ឲ្យ​យើង​អាច​នាំ​ចេញ​ទិន្នន័យ​បាន តែ​មុខងារ​នាំ​ចេញ និង​ចូល​ទាំង​នោះ អាច​មាន​អ្នក​មិន​ដឹង​ ជា​ពិសេស​សម្រាប់​អ្នក​ទើប​ចេះ​ប្រើ ដូច​នេះ Google ក៏​បង្កើត​កន្លែង​ពិសេស​មួយ​សម្រាប់​នាំចេញ​នោះ​គឺ "Google Takeout"​ ដែល​កាលពី​មុន​អាច​នាំ​ចេញ​បាន​តែ​មុខងារ​ចំនួន​តូច ឥឡូវ​ Google បាន​ដាក់​សេវាកម្ម​សំខាន់ៗ​ដែល​បាន​រៀបរាប់​ខាងលើ ទៅ​ក្នុង​មុខងារ Takeout ដើម្បី​ងាយស្រួល​ទាញ​ចេញ​បាន​ដោយ​ប្រើ​តែ​ទីតាំង​មួយ​នេះ​ប៉ុណ្ណោះ​ មិន​បាច់​ចូល​ទៅ​នាំចេញ​ពីនេះពីនោះ នាំ​ឲ្យ​ខាត​​ពេល​ទៀត​ទេ។

៙ ចំពោះ Blogger ៖

   ការ​ពិត​ទៅ Blogger មាន​មុខងារ​នាំ​ចេញ និង​នាំ​ចូល data តាំង​ពី​បង្កើត​ប្រព័ន្ធ​ Blogger មក​ម្ល៉េះ ដែល​លោកអ្នក​ត្រូវ​ចូល​ទៅ​ប្លក​ផ្ទាល់​ទើប​មាន​មុខងារ​ទាំង​នោះ (របៀប ​ចូល​តាម Blogger គឺ Setting >> Other >> ត្រង់​កន្លែង Blog Tool នោះ​លោកអ្នក​​នឹង​ឃើញ​មាន​មុខងារ Import log - Export blog) , តែ​ថ្មីៗ​នេះ Blogger ត្រូវ​បាន​ដាក់​​ទៅ​​ក្នុង​បញ្ជី​​អាច​នាំ​ចេញ​បាន​របស់ GoogleTakeout ​ដែល​ងាយស្រួល​ជាង​មុន អាច​នាំ​ចេញ​ដោយ​មិន​បាច់​ចូល​ទៅ Blogger ក៏​បាន។
   អ្វី​ដែល​ខ្ញុំ​លើក​យម​មក​បង្ហាញ​នៅ​ពេល​នេះ​គឺ​ សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់ Blogger និង Picasa ដែល​ជា​សេវាកម្ម​ពីរ ប្រើ​រួម​គ្នា​ក្នុង​ពេល​តែ​មួយ ព្រោះ Picasa ជា​ស្តង់​ទុក​រូបភាព​របស់ Blogger ដូច្នេះ​បើ​​លោកអ្នក​នាំ​ចេញ​តែ​ទិន្នន័យ Blogger ដោយ​មិន​នាំ​ចេញ​រូបភាព​ពី Picasa នោះ​ប្លក​លោកអ្នក​នឹង​ជួប​បញ្ហា​​ ពេល​មាន​ការ​វាយ​ប្រហារ​ប្លក យើង​អាច​នាំ​ចូល​ទិន្នន័យ​ចូល​បាន​វិញ​​មែន តែ​រូបភាព​អត់​ឃើញ​បង្ហាញ​ទេ ក៏​ព្រោះ​តែ​យើង​មិន​បាន​បម្រុង​ទុក​រូបភាព​ពី Picasa នេះ​ក្នុងករណី​ដែល​មាន​ការ​វាយប្រហារ​លុប​ទិន្នន័យ ​ដែល​យើង​ខំ​​សន្សំ​ក្នុង​សេវាកម្ម​ប្លក​កន្លង​មក

ចំណាំ ៖  ចំពោះ​សេវាកម្ម​ដទៃ​ទៀត​របស់ Google ដែល​មិន​មាន​បង្ហាញ​ក្នុង Google Takeout សូម​លោកអ្នក​ចូល​ទៅ​ស្វែង​យល់​ពី​របៀប​នាំ​ចេញ និង​នាំ​ចូល​ដែល​មាន​បង្ហាញ​គ្រប់​សព្វ​នៅ​ក្នុង http://www.dataliberation.org/ ដែល​ជា​កន្លែង​ទទួល​បន្ទុក​ណែនាំ​​ក្នុង​ការ "នាំចេញ​និង​នាំ​ចូល"។

៙ របៀប​ប្រើ GoogleTakeout (នាំ​ចេញ) ៖

- ចូល​ទៅ​ក្នុង https://www.google.com/takeout

- នៅ​លោកអ្នក​នឹង​ឃើញ​ដូច​រូបភាព​ខាង​ក្រោម ដែល​មាន​ដាក់​បង្ហាញ​សេវាកម្ម​ដែល​អាច export (នាំ​ចេញ) បាន​មួយ​ចំនួន​សំខាន់ៗ។
- All of your data :  ជា​តាប​បង្ហាញ​សម្រាប់​ការ​នាំ​ចេញ​ម្តង​ទាំងអស់។


- Choose services : ជា​តាប​អនុញ្ញាតិ​ឲ្យ​នាំ​ចេញ​តែ​សេវាកម្ម​ណា​ដែល​អ្នក​ចង់​នាំ​ចេញ។

- ជា​ឧទាហរណ៍ : នៅ​ក្នុង​ពេល​នេះ​ខ្ញុំ​ចង់​នាំ​ចេញ​ទាំងអស់ ដូច្នេះ​ខ្ញុំ​ត្រូវ​ឈរ​លើ​តាប All of your data រួច​ចុច​ឆ្នុច  CREATE ARCHIVE  នៅ​​នឹង​រត់​ចូល​ទៅ​កាន់​តាប Downloads លោកអ្នក​នឹង​បាន​ឃើញ​ពី​ដំណើរការ​បង្កើត​ឯកសារ "សម្រាប់​ទាញ​" ។ លោកអ្នក​ត្រូវ​រង់ចាំ​ដល់​ដំណើរការ​កសាង​ឯកសារ​បាន​ចប់​នោះ​ នឹង​ឃើញ​ឆ្នុច​ដាក់​ថា  Download 
ក្នុង​រូបភាព​នេះ សរុប​ឯកសារ​ទាញ​យក​ចំនួន 1757, ទំហំ​សរុប 175.8 MB

- ចុច​លើ​ឆ្នុច​ Download ដើម្បី​ទាញ​យក​ទុក​, នោះ​ Google Takeout នឹង​តម្រូវ​ឲ្យ​លោកអ្នក​វាយ​បញ្ចូល​នូវ​ ឈ្មោះ និង លេខ​សម្ងាត់ ​ម្ដង​ទៀត។
- ចូល​ដល់​ក្នុង​តាប Download វិញ សូម​ចុច​ប៊ូតុង​ទាញ​យក រួច​រើស​ទីតាំង​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ជា​កា​ស្រេច។

ចំណាំ : Google Takeout អនុញាតិ​ឲ្យ​លោកអ្នក​អាច "ទាញ​ចេញ" ​ក្នុង​រយៈពេល 24 ម៉ោង​ម្ដងៗ ដូច្នេះ​ផុត 24 ម៉ោង​អ្នក​អាច​ធ្វើ​ការ​ទាញ​ចេញ​បាន​ម្ដង​ទៀត បើ​អ្នក​គិត​ថា​ត្រូវ​ការ​ទាញ​ចេញ។ Google Takeout មិន​មាន​មុខងារ​អាច​ឲ្យ​យើង​កំណត់​កាលវិភាគ​ទាញ​ចេញ​បាន​ដោយ​ស្វ័យប្រវត្ត​ ទេ បើ​អ្នក​គិត​ថា​សំខាន់ ​មាន​តែ​ឧស្សាហ៍​ទៅ​ទាញ​ចេញ​ដោយ​ដៃ​តែ​ប៉ុណ្ណោះ។

៙ របៀប​នាំ​ចូល​វិញ​ ៖

   Google Takeout មិន​មាន​មុខងារ​អាច​ឲ្យ​យើង​យក​ទិន្នន័យ​ ដែល​យើង​បាន​ទាញ​ចេញ​​​ទាំង​នោះ បាន​វិញ​ទេ។ ចំពោះ​របៀប​នាំ​ចូល​វិញ យើង​មិនមែន​ចូល​ទៅ​កាន់ Google Takeout ទៀត​នោះទេ គឺ​លោកអ្នក​ត្រូវ​នាំ​ចូល​ទិន្នន័យ​នីមួយៗ​ដោយ​ត្រូវ​ចូល​ទៅ​សេវាកម្ម​ទាំង​ នោះ ដើម្បី​ធ្វើ​ការ​នាំ​ចូល​វិញ ដើម្បី​ដឹង​ពី​របៀប​នាំ​ចូល​របស់​សេវាកម្ម​នានា សូម​ចូល​ទៅ http://www.dataliberation.org/ ដែល​ជា​កន្លែង​ទទួល​បន្ទុក​ណែនាំ​​ក្នុង​ការ "នាំចេញ​និង​នាំ​ចូល"។

សរុប​សេចក្ដី​មក ៖

   សរុប​មក Google Takeout គ្រាន់​តែ​ជា​កន្លែង​ដាក់​​ប្រជុំ​ ​អនុញ្ញាតិ​ឲ្យ​​​នាំ​ចេញ​ទិន្នន័យ​របស់​សេវាកម្ម​នានា ដែល Google គិត​ថា​សំខាន់​រៀប​ដាក់​នៅ​ទី​នោះ ​ងាយស្រួល​ទាញ​ចេញ ដោយ​មិន​បាច់​ចូល​ទៅ​កាន់​សេវាកម្ម​អស់​ទាំង​នោះ​ទេ។ ហើយ Google Takeout គ្មាន​មុខងារ​អាច​ឲ្យ​យើង​ទាញ​ចូល​វិញ​បាន​ទេ។ បើ​ចង់​ទាញ​ចូល​វិញ មាន​តែ​អ្នក​ស្គាល់​ពី​របៀប​ទាញ​ចូល​របស់​សេវាកម្ម​អស់​ទាំង​នោះ។ ដើម្បី​ដឹង​ថា​ទាញ​ចូល​យ៉ាង​ម៉េច​គឺ​ត្រូវ​ចូល​ទៅ http://www.dataliberation.org/ ដែល​ជា​កន្លែង​ទទួល​បន្ទុក​ណែនាំ​​ក្នុង​ការ "នាំចេញ​និង​នាំ​ចូល"។ សង្ឃឹម​ថា​ការ​រៀបរាប់​យ៉ាង​វែង​អន្លាយ​នេះ អាច​ឲ្យ​អ្នក​ដែល​ទើប​ចេះ​ប្រើ​អាច​ធ្វើ​តាម​បាន។